ខេត្តស្ទឹងត្រែង : តំបន់ទេសចរណ៍ធម្មជាតិ
តំបន់ទេសចរណ៍ធម្មជាតិ
សម្រាប់អ្នកចូលចិត្តការសម្រាកបែបស្ងប់ស្ងាត់ជាមួយនឹងធម្មជាតិ តំបន់រ៉ាមសារ អាចជាជម្រើសទីមួយ ព្រោះតែតំបន់ នេះ សម្បូរដោយធនធានធម្មជាតិ និងជាជម្រកសត្វដ៏សំខាន់មួយនៃប្រទេសកម្ពុជា។ តំបន់ដីសើមមួយនេះ ក៏ជាកន្លែង កម្សាន្តបោះតង់ដ៏ពេញនិយមបំផុតរបស់ទេសចរផងដែរ ពិសេសនៅរដូវទឹកស្រក យើងអាចមើលឃើញកូនកោះជាច្រើន លេចរូបរាងកាន់តែច្បាស់ជាមួយនឹងឆ្នេរទន្លេដ៏ស្រស់ស្អាត។
ចំណែកតំបន់ទេសចរណ៍ដែលមានសក្ដានុពលសំខាន់ៗក្នុងតំបន់នេះ មានដូចជា ព្រៃអ្នកតា កោះសំបូរ ក្បាលកោះស្នែង ក្បាលកោះទន្លេមួយ ភ្នំត្រងើល អន្លង់ថ្មកំបោរ វាលព្រលាន ក្បាលកោះ និងកោះហាន ដែលជាឋានសួគ៌បៃតង លើដែនទឹកតំបន់អភិរក្សជីវចម្រុះតាមដងទន្លេមេគង្គលើ នៃតំបន់រ៉ាមសារ។ ទេសចរអាចជិះកាយ៉ាក ទស្សនាព្រៃ លិចទឹកបៃតងខ្ចី ជាមួយនឹងឆ្នេរខ្សាច់សក្បុស ភ្លក់អាហារឆ្ងាញ់ ត្រីស្រស់ៗ ដែលចំអិនដោយប្រជាសហគមន៍នៅទីនោះ និងអ្វីដែលកាន់តែពិសេសទៀតនោះ គឺអាចទស្សនាសត្វស្លាបតំបន់ថ្មកំបោរនៃតំបន់រ៉ាមសារផងដែរ។