ខេត្តកំពត : វាលស្រែអំបិល
ខេត្តកំពតជាប់មាត់សមុទ្ររបស់កម្ពុជាមើលឃើញសក្ដានុពលនៃស្រែអំបិលរបស់ខ្លួនជាកន្លែងទាក់ទាញទេសចរណ៍មួយទៀត។មន្ទីរទេសចរណ៍ខេត្តកំពតបានចែករំលែកការកត់សម្គាល់នេះ បន្ទាប់ពីបានសង្កេតឃើញការកើនឡើងនៃដំណើរទេសចរណ៍ទៅកាន់ស្រែអំបិល ដែលជំរុញឱ្យអ្នកស្រុកបង្កើតហាងអាហារ និងភេសជ្ជៈ រួមជាមួយនឹងសេវាកម្មទេសចរណ៍ផ្សេងៗទៀតតាមតម្រូវការ។លោកក៏បានបង្ហាញពីចក្ខុវិស័យរបស់ថ្នាក់ដឹកនាំខេត្ត ក្នុងការប្រែក្លាយស្រែអំបិលឱ្យទៅជាតំបន់កសិទេសចរណ៍មួយផ្សេងទៀត។
គុណសម្បត្តិរួមមាន ទីតាំងស្រែអំបិល ដែលនៅជិតទីរួមខេត្ត ឆ្នេរសមុទ្រ និងជាកំពង់ផែទេសចរណ៍ដែលនឹងដំណើរការនាពេលខាងមុខនេះ។ជាមួយនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរបរទេស។ គ្រប់ភ្ញៀវទេសចរទាំងអស់ចូលចិត្តឈ្វែងយល់ពីការដំណើរការផលិតអំបិលតាមបែបប្រពៃណី។ លើសពីនេះ ពួកគេតែងតែចំណាយពេលតិចតួច ចូលរួមក្នុងសកម្មភាពផលិតអំបិលជាមួយកសិករខ្មែរដូចជា ការរែក និងវាចអំបិលជាដើម។ រដូវប្រាំង គឺជាពេលវេលាដ៏ល្អសម្រាប់ការផលិតអំបិល ព្រោះថាមិនមានភ្លៀងលាយលំធ្វើឱ្យថមថយកម្រិតជាតិប្រៃនៃទឹកសមុទ្រ។ ម្យ៉ាងទៀត អាកាសធាតុក្ដៅ ក៏ធ្វើឱ្យអំបិលដុះលឿនផងដែរ។ ការផលិតអំបិល អាចចាប់ផ្ដើមពីខែតុលា រហូតដល់ខែឧសភា។ នេះបើតាមកសិករ។ខេត្តកំពតមានស្រែផលិតអំបិលសរុប ៣ ៤៨៩ ហិកតា មានឃ្លាំងស្តុកអំបិលចំនួន៥៦០កន្លែង ដែលផ្តល់ការងារដល់ពលរដ្ឋចំនួន ១ ៤៧៤នាក់។ កសិដ្ឋានផលិតអំបិលក្នុងខេត្តនេះ ដំណើរការបានរយៈពេល៤ទៅ៦ខែក្នុងមួយឆ្នាំ អាស្រ័យលើអាកាសធាតុ និងផ្តល់ទិន្នផលអំបិលប្រមាណ ១០ម៉ឺនតោនក្នុងមួយឆ្នាំ។