ប្រាសាទព្រះវិហារ

 ប្រាសាទព្រះវិហារជាសម្បត្តិវប្បធម៌ត្រូវបានចុះបញ្ជីក្នុងបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ក្នុងសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣២ នាទីក្រុងកេបិច ប្រទេសកាណាដា ។ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ[១] និងពីអតីកាលមានទីតាំងក្នុងភូមិគ១ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ[២]។ ចំណែកពីអតីកាលស្រុកជាំក្សាន្តស្ថិតនៅក្នុងខេត្តកំពង់ធំ។ ប្រាសាទព្រះវិហារជាប្រាសាទភ្នំដែលកសាងនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែក ដែលមានរយៈកម្ពស់ ៦២៥ម៉ែត្រ ធៀបទៅនិងទឹកសមុទ្រ។ សិលាចារឹកប្រាសាទខ្នា បានហៅភ្នំដងរែកថា ភ្នំកំផែង ឬភ្នំជញ្ជាំង។ ប្រជាជនថៃហៅភ្នំដងរែកថា ភ្នំវែង ចំណែកប្រជាជនឡាវហៅថា ភ្នំដេនមឿង។ ប្រាសាទព្រះវិហារស្ថិតនៅជាប់នឹងព្រំប្រទល់ខេត្តស៊ីសាកេត នៃប្រទេសថៃ។ ប្រាសាទព្រះវិហារមានចម្ងាយប្រមាណ ៥៥គីឡូម៉ែត្រពីសាលាស្រុកជាំក្សាន្ត ១០០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ជាង ១៥០គីឡូម៉ែត្រពីទីរួម ខេត្តសៀមរាប និងចម្ងាយប្រមាណ ៤០០គីឡូម៉ែត្រពី រាជធានីភ្នំពេញ ។ ជួរភ្នំដងរែកជាខណ្ឌសីមាព្រំប្រទល់ធម្មជាតិអន្តរជាតិរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ប្រាសាទព្រះវិហារស្ថិតនៅលើចំណុចខ្សែស្រប១៤.២៤ ទៅ១៨នៃរយៈទទឹងខាងកើត និងចំណុចខ្សែស្រប១០៤ ទៅ៤១.០២នៃរយៈបណ្តោយខាងជើង។ ប្រាសាទព្រះវិហារមានទីតាំងស្ថិតនៅលើខ្នងភ្នំព្រះវិហារ ស្ថិតនៅលើផ្ទៃដីទំហំ៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ។ ភ្នំប្រាសាទព្រះវិហារនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ សព្វថ្ងៃនេះអ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវស៊ី១ ពីព្រោះថាផ្លូវនោះវាងាយស្រួលក្នុងការធ្វើដំណើរ។ ម្យ៉ាងទៀតអ្នកទេសចរអាចឡើងភ្នំព្រះវិហារតាមរយៈជណ្តើរបុរាណនៅផ្នែកខាងកើតនៃភ្នំ ដែលត្រូវបានកសាងតាំងពីសម័យជាមួយប្រាសាទមកម្លេះ តែត្រូវបានខូចខាតយ៉ាខ្លាំង តែនៅពេលបច្ចុប្បន្នមានការជួសជុលនិងយកឈើធ្វើជាជណ្តើរជំនួសវិញក្រោមការជួសជុលរបស់ អាជ្ញាធរជាតិព្រះវិហារ។ ក្នុងការធ្វើដំណើរទៅកាន់ប្រាសាទព្រះវិហារគេអាចជ្រើសរើសតាមរយៈផ្លូវពីរគឺ៖

-ចេញពី ខេត្តសៀមរាបតាមផ្លូវទៅកាន់ ប្រាសាទបន្ទាយស្រី ឆ្ពោះទៅកាន់ ស្រុកអន្លង់វែង រហូតមកដល់វង្វង់មូលស្រអែម រួចបន្តដំណើរប្រហែល ២០គីឡូម៉ែត្រទៀត និងដល់ចំណតគ១ ដែលជាកន្លែងលក់សំបុត្រឡើងប្រាសាទព្រះវិហារ។

-ចេញដំណើរពី រាជធានីភ្នំពេញ ទៅ ខេត្តកំពង់ធំ បន្ទាប់មកដល់ថ្នល់បំបែកសៀមរាប-ព្រះវិហារ រួចបត់ស្តាំកាត់តាម រមណីយដ្ឋានសំបូរព្រៃគុក ឬប្រាសាទសំបូរព្រៃគុក រហូតដល់ផ្លូវបំបែកភ្នំដែករួចបត់ឆ្វេងមកទីរួម ខេត្តព្រះវិហារ ហើយបន្តដំណើររហូតដល់វង្វង់មូលស្រអែម។

+ប្រវត្តិប្រាសាទ

ក្រុមអ្នកបុរាណវិទ្យាតែងបានគិតថា ជាប្រាសាទដែលមានរបៀបសង់សឹងតែដូចៗគ្នាទៅនឹងសំណង់ដទៃទៀតដែលសិ្ថតក្នុងស្ថាបត្យកម្មរបស់ស្ថេចសូរ្យវរ្មម៌ទី១ គឺបែបប្រាសាទសណ្តូកលើភ្នំ ចាំងច្រិតថ្មភ្នំសាងជាប្រាសាទ ដូចគ្នាទៅនឹងប្រាសាទវត្តភូ ប្រាសាទភ្នំជីសូរ ប្រាសាទជើងព្រៃ ប្រាសាទវត្តត្រាច....ជាដើម។ល។ រីចម្លាក់នៅលើហោរជាងមានទំរង់ដូចនៅប្រាសាទបន្ទាយស្រី និង កោះកេរ ដូច្នោះដែរ ។តាមរយៈការសិក្សាស្រាវជ្រាវអាចសន្មតថា សំណង់ប្រាសាទព្រះវិហារត្រូវបានចាប់ផ្តើមកសាងឡើងដំបូងនៅដើមសតវត្សទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០)។ តាមរយៈសិលាចារឹកលេខ K-៥៨៣ នៅប្រាសាទបាពួន ចារក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៨៤៤-៩៦៨) និយាយថាព្រះអម្ចាស់ឥន្រ្ទាយុទ្ធជាព្រះបុត្រារបស់ព្រះបាទជ័យវរ្ម័នទី២ បានទៅធ្វើតបៈនៅភ្នំលិង្គបព៌ត(ប្រាសាទវត្តភូចំប៉ាសាក់ប្រទេសឡាវ) ហើយបាននាំយកលិង្គព្រះឥសូរពីថ្មលិង្គភ្នំធម្មជាតិ (ស្វយម្ភូលិង្គ) មកតម្កល់នៅលើភ្នំព្រះវិហារក្នុងព្រះនាមអាទិទេព ព្រះស្រីសិខរីស្វរៈ ដែលមានន័យថាអាទិទេពនៃកំពូលភ្នំ។ ស្រីសិខរីស្វរៈនេះហើយដែលហៅចំពោះលិង្គព្រះឥសូរតម្កល់នៅប្រាសាទព្រះវិហារ និងជាឈ្មោះប្រាសាទព្រះវិហារសម័យបុរាណផង។ ប្រាសាទព្រះវិហារសាងសង់សម្រាប់ឧទ្ទិសចំពោះព្រះឥសូរ ក្នុងសាសនាព្រាហ្មណ៍។ ព្រះមហាក្សត្រខ្មែរដែលកសាងប្រាសាទព្រះវិហារមានដូចជា៖

-ព្រះអង្គម្ចាស់ឥន្រ្ទាយុទ្ធបុត្រារបស់ព្រះបាទជ័យវរ្ម័នទី២(៨០២-៨៥០)

-ព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩០០)

-ព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៩៤៤-៩៦៨)

-ព្រះបាទសូរ្យវរ្ម័នទី១ (១០០២ -១០៥០)

-ព្រះបាទទ័យទិត្យវរ្ម័នទី១ (១០៥៦-១០៦០)

-ព្រះបាទហស៌វរ្ម័នទី២ (១០៦០-១០៨០)

-ព្រះបាទជ័យវរ្ម័នទី៦ (១០៨០-១១០៩)

-ព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០)

ព្រះមហាក្សត្រដែលបានកសាងប្រាសាទព្រះវិហារ និងជួសជុលប្រាសាទ ដែលលេចធ្លោមានដូចជា៖

ព្រះមហាក្សត្រដែលបានកសាងប្រាសាទព្រះវិហារ និងជួសជុលប្រាសាទ ដែលលេចធ្លោមានដូចជា៖
ព្រះបាទយសោវរ្ម័នទី១៖ ព្រះអង្គបានសាងសង់ប្រាសាទកណ្តាល។
ព្រះបាទសូរ្យវរ្ម័នទី១៖ ព្រះអង្គបានសាងសង់អគារដ៏វែងនៅជិតប្រាង្គកណ្តាល កំពែងព័ន្ធជុំវិញ និងគោបុរៈទី៣។ យោងតាមសិលាចារឹករបស់ប្រាសាទ ព្រះបាទសូរ្យវរ្ម័នទី១ បានរៀបចំពិធីដើម្បីអញ្ចើញទេវៈ ភទ្រស្វរៈ ដែលគង់នៅវត្តភូ (ប្រទេសឡាវ) មកគង់នៅជាមួយនិងទេវៈ ស្រីសិខរិស្វរៈ ដើម្បីជួយការពារ និងថែរក្សាអាណាចក្រខ្មែរ និងប្រជារាស្រ្ត។
ព្រះបាទជ័យវរ្ម័នទី៦៖ ព្រះអង្គបានសាងសង់ហោត្រៃ ឬបណ្ណាល័យពីរ និងជួសជុលផ្នែកមួយចំនួននៃប្រាសាទ។
ព្រះបាទសូរ្យវរ្ម័នទី២៖ ព្រអង្គបានសាងសង់ព្រះលាន ដែលមាននាគក្បាលប្រាំពីរ រូបតោតាមផ្លូវ និងនាគជាច្រើនទៀតតាមជណ្តើរឡើង។ ព្រះអង្គបានរៀបចំពិធីសម្ពោធប្រាសាទ និងចាត់ទុកជាកន្លែងគោរពសម្រាប់ព្រះមហាក្សត្រគ្រប់រូប។
តាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្រ្តខ្មែរជាច្រើន បានឱ្យដឹងថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងពីថ្មភក់ ចាប់តាំងពីរជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី១ ។ ព្រះបាទសូរ្យវរ្ម័នទី១ សោយរាជ្យ នៅពាក់កណ្តាលទីមួយនៃសតវត្សទី១១។ ទីតាំងធ្វើប្រាសាទ ដែលស្ថិតនៅលើទីខ្ពស់ជាងគេ នោះមានកំពស់ ៦២៥ម៉ែត្រ (ឯកសារបារាំង) ឬ៦១៥ម៉ែត្រ (ឯកសារអង់គ្លេស) ។ ប្រវត្តិនៃការកសាងប្រាសាទព្រះវិហារ មាននៅលើសិលាចារឹកខ្មែរនៅ ប្រាសាទបាពួន ក្នុងខេត្តសៀមរាប គឺK-៥៨៣ ៖ អ្នកដែលចារសិលាចារឹកគឺមានឈ្មោះ ហរិវាហៈ នៅក្នុងរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័នទី១ ឆ្នាំ៩៤៤ ដល់ ឆ្នាំ៩៦៨ នៃគ.ស ។ បានចារជាភាសាសំស្រ្កឹត និងជាភាសាខ្មែរបុរាណ ។ បានចារថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាម ឥន្រ្ទាយុទ្ធ លោកបានយកលិង្គមួយ ឈ្មោះ ស្រីសិខរិស្វរៈ មកតាំងនៅ និងមកប្រតិស្ឋនៅទីនេះ គឺប្រាសាទព្រះវិហារនេះ។ ព្រះអង្គលោកខ្លាំងពូកែខ្លាំងណាស់ ។ លោកមានមហិទ្ធិឫទ្ធិ ទៅច្បាំងជាមួយនឹងស្តេចចាម ហើយចាប់ស្តេចចាមនោះបានទៀត ។ ចំពោះសេចក្តីសិលាចារឹកនេះ អ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រគិតថា មិនមានសិលាចារឹកឯណាទៀត និយាយពីចម្បាំងទៅចាប់ស្តេចចាមនោះទេ ក៏ប៉ុន្តែស្តេចដែលលោកចាប់បាននោះ ប្រហែលជាមិនមែនជាស្តេចចាម ដែលត្រួតប្រទេសចាមទាំងមូលនោះទេ ។ ប្រហែលជាស្តេចអង្គតូចមួយ ដែលត្រួតនៅនគរមួយ ដែលមានព្រំប្រទល់នៅជាប់នឹងប្រទេសខ្មែរ។ ប្រាសាទព្រះវិហារ ត្រូវបានបារាំងប្រគល់ទៅឱ្យប្រទេសថៃកាន់កាប់នៅឆ្នាំ១៩៥៤ ហើយត្រូវបានប្រគល់ឱ្យព្រះរាជាណាចក្រកម្ពុជាវិញតាមសាលក្រមចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ នៅតុលាការអន្តរជាតិនៅ ទីក្រុងឡាអេប្រទេសហូឡង់។
not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

ចាប៉ីដងវែង

image

គុនល្បុក្កតោខ្មែរ

image

របាំ​ព្រះ​រាជ​ទ្រព្យ