ខេត្តបាត់ដំបង : ស្ពានថ្ម​ចាស់

 «​ស្ពានថ្ម​ចាស់​» មាននៅ​ទីតាំង​នៅមុខ​សាលាខេត្ត​បាត់ដំបង ជា​ស្ពាន​ដែល​បាន​សាងសង់​ក្នុង​ឆ្នាំ​១៩១៦​។ បច្ចុប្បន្ន ស្ពានថ្ម​នេះ ជា​កន្លែង​កម្សាន្ត​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ដែល​មក​ស្រូបយក​ខ្យល់អាកាស​នាពេល​ល្ងាច​។ ក្រៅពី​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង​ធ្វើដំណើរ​ឆ្លងកាត់​អស់​រយៈពេល​ច្រើន​ឆ្នាំ ស្ពានថ្ម​ដែល​នៅលើ​ស្ទឹង​សង្កែ​នេះ នៅតែ​បន្ត​ឈរ​សម្រាប់​ពលរដ្ឋ​ធ្វើដំណើរ​ថ្មើរជើង និង​ហាត់ប្រាណ រួមទាំង​អង្គុយលេង​។ ក្រោយវត្តមានអាជ្ញាធរបារាំងលើទឹកដីខេត្តបាត់ដំបងនៅឆ្នាំ១៩០៧, ៩ឆ្នាំក្រោយមកទៀត គឺនៅឆ្នាំ១៩១៦ បារាំងបានសាងសង់ស្ពានមួយដែលមានឈ្មោះថា អភិបាលនៃឥណ្ឌូចិនបារាំង Pont du Albert Sarraut (Governor of French Indochina) ។​ នេះបើតាមឯកសារ​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង ។​ស្ពាននេះជាស្ពានដំបូងបំផុតឆ្លងកាត់ស្ទឹងសង្កែ និងនៅមានវត្តមានដល់សព្វថ្ងៃ ហើយសព្វថ្ងៃ គេនិយមហៅឈ្មោះថា ស្ពានថ្មចាស់ ដោយសារការប្រៀបធៀប និងស្ពានថ្មបីទៀតដែលសាងសង់ក្រោយៗមកទៀត។ ស្ពានថ្មចាស់ក្រុងបាត់ដំបង មានអាយុកាល​១០៩ ឆ្នាំហើយ គិតត្រឹមឆ្នាំ២០២៥នេះ មានទីតាំង ស្ថិតនៅចំពីមុខអគារសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបង (អតីតសាលាខេត្តបាត់ដំបង) ឆ្លងកាត់ស្ទឹងសង្កែ ត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៩១៦ (ឯកសារខ្លះ ដាក់១៩១៧) ធ្វើពីបេតុងអាម៉េ ដែលមានភាពស៊ីវិល័យតាមរចនាបថបារាំង ។តាំងពីឆ្នាំ ២០២០ រហូតដល់បច្ចុប្បន្ន ស្ពាននេះមិនត្រូវបានគេអនុញ្ញាតឱ្យរថយន្ត ឬម៉ូតូឆ្លងកាត់ឡើយ ដោយសារមានសភាពទ្រុឌទ្រោម។ នៅក្បាលស្ពានផ្នែកខាងលិច មានលម្អដោយតោថ្មចំនួនពីរបែរមុខទៅទិសខាងលិច ហើយវាមានឈ្មោះល្បីល្បាញតាមរយៈបទចំរៀងជាច្រើននិពន្ធដោយកវី គង់ ប៊ុនឈឿន ។ដោយសារស្ពានមានសភាពទ្រុឌទ្រោម មិនអាចឱ្យរថយន្តឆ្លងកាត់បាន ទើបរដ្ឋបាលខេត្ត បាន​សាង​សង់ស្ពានមួយទៀតនៅជិតគ្នា ដែលមានឈ្មោះថា ស្ពាន១៣ មករា (ផ្តើមសាងសង់ ថ្ងៃទី១៣ មករា ២០២០ និងបញ្ចប់សាងសង់ ១៣ សីហា ២០២០) ដើម្បីសម្រួលការធ្វើដំណើរឆ្លងកាត់ស្ទឹងសង្កែ ៕​

not found

ព្រឹត្តិការណ៍

image

ល្បែងទាញព្រ័ត្រកម្ពុជា

image

តំបន់ប្រាសាទសម្បូរព្រៃគុក

image

ល្ខោនស្រមោលស្បែកធំ