ខេត្តបន្ទាយមានជ័យ : អាងជើងគ្រុស
អាងជើងគ្រុសនេះ មានចម្ងាយ៥គីឡូម៉ែត្រ ពីប្រាសាទបន្ទាយឆ្មារ ដែលស្ថិតក្នុងភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ភ្ញៀវទេសចរ និងពលរដ្ឋ ដែលមកកម្សាន្តនៅអាងជើងគ្រុសនេះ អាចគយគន់សុរិយាអស្ដង្គត ជិះទូកមើលសត្វស្លាប និងមានកន្លែងទទួលទានអាហារ រួមទាំងមានចំណតយានយន្តដ៏ធំទូលាយផងដែរ។អាងជើងគ្រុសនេះ បានប្រែក្លាយពីតំបន់ដែលពលរដ្ឋនេសាទខុសច្បាប់ មកជាតំបន់ផ្ដល់ចំណូលដល់ពលរដ្ឋ តាមរយៈសកម្មភាពទេសចរណ៍អាងជើងគ្រុស មានស្ពានបណ្ដែតទឹក និងផែសម្រាប់ភ្ញៀវទេសចរអង្គុយ និងឈរថតរូបទុកជាអនុស្សាវរីយ។ ថ្ងៃចុងសប្ដាហ៍ និងថ្ងៃបុណ្យទាន ជាថ្ងៃដែលពលរដ្ឋ និងភ្ញៀវទេសចរ មកលេងតំបន់នេះច្រើនជាងគេ។ អាងជើងគ្រុស ដែលជាសក្ដានុពលថ្មី នៅឃុំបន្ទាយឆ្មារនេះ ត្រូវបានថែរក្សាអនាម័យ និងសម្អាតបានត្រឹមត្រូវ ដោយក្រុមការងារនៅទីនោះ។ គួរបញ្ជាក់ថា នៅបរិវេណអាងជើងគ្រុសនេះ នឹងសាងសង់ស្ពានបណ្ដែតសម្រាប់ឆ្លងទៅកាន់កោះ ជាទីកប់សពនាសម័យបុរាណផងដែរ៕